ភ្នំពេញ៖ ការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២២-២០២៣ បានបញ្ចប់ដោយជោគជ័យហើយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះក្រោមអធិបត្តិរបស់លោកនាយឧត្តសេនីយ៍ មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា និងជាសមាជិកប្រតិបត្តិNOCC ក្រោយបានដំណើរការអស់រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងពលតូចទព័ពិសេសឆ័ត្រយោង៩១១។
លោកនាយឧត្តសេនីយ៍ មៀច សុផាន់ណា បានវាយតម្លៃខ្ពស់ ចំពោះការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ដែលមានការចាប់អារម្មណ៍ និងចុះឈ្មោះចូលរួមយ៉ាងច្រើន តែត្រូវបានសហព័ន្ធកំណត់ចំនួនសមល្មមមួយ ដើម្បីងាយស្រួលគ្រប់គ្រង ។ លោកបន្តថាៈ កីឡាបាញ់កាំភ្លើងជាកីឡាមួយប្រភេទទាមទារការយកចិត្តទុកដាក់ខ្ពស់ ការហ្វឹកហាត់ខ្លាំង មានស្មារតី មានគោលការណ៍រឹងមាំង ពីព្រោះកីឡាប្រភេទមានភាពខុសប្លែកពីកីឡាផ្សេងដោយសារកីឡាករ-កីឡាការិនីប្រើប្រាស់អាវុធ (កាំភ្លើង) ហើយអាវុធ (កាំភ្លើង) វាអាចប្រើគោលដៅ និងប្រយោជនច្រើនមុខព្រួយ។ ការប្រើប្រាស់អាវុធ (កាំភ្លើង)មានអត្តប្រយោជន៍ និងផលពិបាក ប្រសិនបើយើងប្រើវាមិនចំគោលដៅ ប្រើវាមិនចំវត្ថុបំណង ដូច្នេះកីឡាករ-កីឡាការិនីបាញ់កាំភ្លើងដែលចូលរួមភាគច្រើនតំណាងអង្គការភាព។
លោកក៍បានស្នើឲ្យកីឡាករ-កីឡាការិនីទាំងអស់ ពិសេសអ្នកដណ្ដើមបានជយលាភីថ្នាក់ជាតិ ត្រូវខិតខំហ្វឹកហាត់ និងពង្រឹងសមត្ថភាពឲ្យបានខ្លាំង ដើម្បីត្រៀមការប្រកួតប្រជែង និងដណ្តើមមេដាយនៅថ្នាក់ជាតិ និង ឆាកអន្តរជាតិ ផ្សេងៗទៀតនាពេលខាងមុខ។
ជាមួយគ្នានេះដែរសម្រាប់លទ្ធផលបច្ចេកទេសលើវិញ្ញាសារ បាញ់វែងខ្សល់ចំងាយ១០ម៉ែត្រ ចំណាក់ថ្នាក់លេខ១បានទៅកីឡាការិនី វង្ស សុខាវីន មកពីក្លិបក្រសួងការពារជាតិ , ចំណាក់ថ្នាក់លេខ២បានកីឡាករហួត ភ័ស មកពីក្លិបអាវុធហត្ថរាជធានីភ្នំពេញ និង លេខ៣បានទៅកីឡាការិនី សែម លីនី មកពីក្លិបក្រសួងមហាផ្ទៃ។ វិញ្ញាសារវែង ៥០ម៉ែត្រចំណាក់ថ្នាក់លេខ១បានទៅកីឡាករខៀវ ឌីណា មកពីក្លិបក្រសួងការពារជាតិ លេខ២បានទៅកីឡាករ កែម សុភ័ណ មកពីក្លិបក្រសួងការពារជាតិ និង លេខ៣បានទៅកីឡាករ ឈាង សុវណ្ណាវុធ មកពីក្លិបក្រសួងការពារជាតិ។ និង វិញ្ញាសារកាំភ្លើងខ្លី ចំណាក់ថ្នាក់លេខ១បានទៅកីឡាករ ហាមូនី រតនៈ លេខ២បានទៅកីឡាករ យោង យួត និងលេខ៣បានទៅសាន កក្កដា៕



