គ្រូបង្វឹកកម្ពុជា៖ Cambodia All Star ចាញ់ Muangthong លើកនេះដោយសារតែកីឡាករមានសមត្ថភាពខុសគ្នាខ្លាំង

0
607

ភ្នំពេញ ៖ លោក ឡេអូណាដូ ល្វីស ដែលជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជាបានបញ្ជាក់ក្រោយបញ្ចប់ការប្រកួតមិត្តភាពអន្តរជាតិថា Cambodia All Star ចាញ់ Muangthong លើកនេះដោយសារតែកីឡាករមានសមត្ថភាពខុសគ្នាខ្លាំងដែលពិបាកក្នុងការចង់ឈ្នះ។
ក្រោយបញ្ចាប់ក្នុងលទ្ធផល Cambodia All Star ០ – ៤ Muangthong លោកគ្រូម្នាក់នេះបានថ្លែងថា ដើមតង់ទី១ ខាងក្រុមកីឡាករខ្មែររៀងពិបាកលេងបន្តិចដោយសារតែកម្រិតនៃសមត្ថភាពប្រៀបធៀប គឺខុសគ្នា ហើយម្យ៉ាងកីឡាករបរទេសរបស់យើងរៀងលេងខ្លាំងល្អមែនប៉ុន្តែកីឡាករលេងនៅមិនទាន់ល្អដូច្នេះពេលលេងមិនអាចសមជើងគ្នាល្អបាន។
លោក ឡេអូណាដូ ល្វីស បានប្រាប់ថា មូលហេតុដែលប្តូរកីឡាករច្រើនដោយសារតែលោកចង់ព្យាយាមដាក់កីឡាករ ដែលអាចលេងទាន់ជាមួយក្រុមកីឡាករថៃ Muangthong ឱ្យមានសភាពប្រហាក់ប្រហែលគ្នាវិញ។ ជាការពិតក្នុងតង់ទី២ពួកគេលេងបានល្អប្រសើរវិញ ជាងតង់ទី១ ។ តង់ទី២ល្អបែបនេះដោយសារតែកីឡាករភាគច្រើនបានសហការជាមួយគ្នាបានច្រើន ហើយតង់ទី១មានសភាពមិនល្អដោយសារតែកីឡាករនីមួយៗមិនសហការគ្នាបានល្អដោយម្នាក់ៗចង់តែបញ្ចេញសមត្ថភាពរៀងខ្លួនៗ ។

គ្រូដឹកនាំក្រុមជម្រើសជាតិរូបនេះបានប្រាប់ថា លោកមើលឃើញនិងវាយតម្លៃបានថា ការប្រកួតលើកនេះ មានកីឡាករក្មេងៗនិងជើងថ្មីជាច្រើនលេងបានល្អដែលលោកនឹងយកពិចារណាថាយកបន្តដាក់ក្នុងក្រុមជម្រើសជាតិបន្តទៀត។ ទោះបីជាចាញ់រហូតដល់ សូន្យទល់នឹងបួនពិតប្រាកដមែន ប៉ុន្តែលោកបានកត់សំគាល់ឃើញថា រកឃើញ ក្រុមកីឡាករដែលនឹងដាក់ឱ្យជម្រើសជាតិ ខណៈកម្ពុជាត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ U23 នាខាងមុននេះដែលសល់តែបីថ្ងៃទៀតប៉ុណ្ណោះ។

សូមបញ្ជាក់ថា ការប្រកួមិត្តភាពអន្តរជាតិ Cambodia All Star និង Muangthong លទ្ធផល សូន្យ – ៤ ដោយបញ្ចប់ត្រឹម៩០នាទីជាមួយអ្នកទស្សនារាប់ម៉ឺននាក់ក្នុងទីលានបាល់ទាត់។ ការប្រកួតជាមួយក្រុមថៃលើកនេះក៏ដើម្បីដកស្រង់បទពិសោសធន៍សម្រាប់ក្រុមកីឡាករក្មេងៗឬក្រុមU23កម្ពុជាដែលត្រៀមលេង នាថ្ងៃទី១៩ ដល់ ២៣ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះក្នុងព្រឹត្តិការណ៍ AFC U-23 Championship China 2018 Qualifiers នៅពហុកីឡដ្ឋានជាតិក្រុមភ្នំពេញ៕

មតិ