អនុប្រធានចំបាប់ ឧបត្តម្ភទាំងថវិការនិង សម្ភារៈដល់សហព័ន្ធប្រដាល់សកល អស់ ១៨៥០ដុល្លារ

0
418

រាជធានីភ្នំពេញ៖ លោក Casey Barnett ជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និង ជានាយកសាលា Cam Ed បានឧបត្ថម្ភជាថវិការ និងសំភារៈ ដល់សហពន្ធ័ ប្រដាល់សាកលមុនពេលដែលសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ធ្វើការបញ្ជូនអត្តពលិករបស់ខ្លួន៣រូប ឡើងឡានក្រុង ចេញទៅធ្វើការហ្វឹកហាត់ នៅប្រទេសថៃរយៈពេលវែងនោះ

លោក Casey Barnett ជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និង ជានាយកសាលា Cam Ed គឺជាអ្នកឧបត្ថម្ភ សម្ភារៈ និង ថវិការមួយ សរុប ១៨៥០ដុល្លារ ដើម្បីជាការលើកទឹកចិត្ត ឱ្យពួកគេខិតខំប្រឹងប្រែងយកមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាខែក្រោយនេះ។
លោក Casey Barnett បានមានប្រសាសន៍ថា៖ លោកសប្បាយរីករាយខ្លាំង ដែលបានចូលរួមជួយ ដល់ប្រភេទកីឡាប្រដាលសកលកម្ពុជា ដោយសារតែខ្ញុំចូលចិត្តវិស័យកីឡានេះ ខណៈដែលបច្ចប្បន្ននេះ ខ្ញុំគឺជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាផងដែរ ។ ហើយសព្វថ្ងៃ ខ្ញុំឃើញប្រភេទកីឡាប្រដាល់មួយនេះ មានការរីកចម្រើនខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ចឹងខ្ញុំចង់ឃើញ ប្រដាល់រីកចម្រើនខ្លាំង ដូចកីឡាចំបាប់ខ្ញុំដែរ។
លោកបន្តថា៖ ជាការលើកទឹកចិត្តដ៏សំខាន់ដល់ការហ្វឹកហាត់របស់ពួកគេ ដើម្បីជំរុញឲ្យប្រភេទកីឡាប្រដាល់សកលរបស់កម្ពុជា មានរីកចម្រើន និងមាននិរន្តរភាព។


លោកប៊ុយ សុភ័ណ្ឌ ជាអគ្គលេខាធិការថ្មីនៃសហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា៖ នេះជាការហ្វឹកហាត់មួយដែលមានឈ្មោះថា “Training Camp” ដែលទទួលបានឧបត្ថម្ភ គាំទ្រ ពី សហព័ន្ធកីឡាប្រដាល់ សកលទ្វីបអាស៊ី ដោយភាគីថៃគ្រាន់តែផ្តល់ទីកន្លែងហ្វឹកហាត់ប៉ុណ្ណោះ។ ការហ្វឹកហាត់រួមគ្នានេះធ្វើឡើងរយៈពេល ១ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ ១៤ ខែសីហា នៅបណ្ឌិតសភាប្រដាល់សកលថៃ “Thailand Boxing Academy”
ជាមួយនឹងការហ្វឹកហាត់នេះ ដែល សហព័ន្ធ ចង់ឃើញការផ្លាស់ប្តូរបច្ចេកទេស និងពង្រឹងសិទ្ធិផល របស់កីឡាករប្រទេសនីមួយៗ មុនចូលរួមការប្រកួត ជាលក្ខណៈអន្តរជាតិផ្សេងៗ ជាពិសេស គឺការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ដែលនឹង ចាប់ផ្ដើមនាខែ សីហា ខាងមុខនេះ ។ ហើយការហ្វឹកហាត់រួមគ្នានេះ នឹងផ្តល់ផលប្រយោជន៍ច្រើនដល់កីឡាករ ដែលចូលរួមហ្វឹកហាត់ ទាំងកម្រិតបច្ចេកទេស និងចិត្តសាស្រ្តរបស់កីឡាករ ។
គួបញ្ជាក់ផងដែរថា៖ សហព័ន្ធ បានធ្វើការបញ្ជូនគ្រូបង្វឹក ១រូប និងកីឡាករ ចំនួន ០៣រូប ទៅហ្វឹកហាត់ រួមមាន លោក វ៉ែន សុផល ជាគ្រូបង្វឹក កីឡាករ ណាត សៀកនិន ប្រភេទទម្ងន់ ៥៦ គ.ក្រ កីឡាករ ផល សុភ័ណ្ឌ ប្រភេទទម្ងន់ ៦៤ គ.ក្រ និងកីឡាករ ហ្វីលីក ប្រភេទទម្ងន់ ៨១គ.ក្រ ៕

មតិ