មនុស្សស្លាប់កើនឡើងដល់២១នាក់ដោយសារគ្រោះទឹកជំនន់បាក់ដីនៅក្នុងប្រទេសជប៉ុន

0
478

ប្រទេសជប៉ុន៖ គ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាង គំហុកមិនធ្លាប់មានក្នុងរយៈពេល៤០ឆ្នាំមកនេះ​ នៅកោះគ្យូស៊ុ ភាគ​ខាង​ត្បូងប្រទេសជប៉ុន បានបណ្តាលឲ្យមនុស្សស្លាប់កើន ដល់២១នាក់ និងជាង២០នាក់ទៀតនៅតែបន្តបាត់ខ្លួននៅឡើយ ខណៈ​តំបន់​ដែល​​ពួកគេរស់នៅត្រូវបានទឹកទន្លេរជន់លិច ព្រមទាំងបង្កជាការរអិលបាក់ដី​ផងដែរ។ នេះបើតាមការ​ចេញ​ផ្សាយ ដោយទីភ្នាក់ងារសារ​ព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ័ ទី១០ ខែកក្កដា ឆ្នាំ២០១៧។

កងកម្លាំងស្វ័យការពាររួមជាមួយភ្នាក់ងារស្វែងរក និងជួយសង្រ្គោះជាង ២,០០០នាក់ បាននិងកំពុងបន្តប្រតិបត្តិការរបស់​ពួក​គេមកទល់ថ្ងៃចន្ទ័នេះ នៅក្នុងខេត្ត Fukuoka និង ខេត្ត Oita ដែលស្ថិតនៅលើកោះគ្យូស៊ុ ស្របពេលប្រជាជនប្រមាណ១,៧០០នាក់ កំពុងបន្ត​ស្ថិត​ក្នុងទីជម្រកភៀសខ្លួនបណ្តោះអាសន្នដដែល។ ជាមួយគ្នានោះដែរ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshihide Suga បាននិយាយថារដ្ឋាភិបាលនឹងធ្វើកិច្ចសហប្រតិបត្តិការឱ្យបានឆាប់រហ័សជាមួយអាជ្ញាធរនៅក្នុងតំបន់ ដើម្បីវាយតម្លៃពីទំហំខូចខាត ក៏ដូចជាផ្ដល់ជំនួយដល់ជនរងគ្រោះ។

គួរបញ្ជាក់ថា បើតាមក្រសួងដែនដី និងដឹកជញ្ជូនជប៉ុន គ្រោះរអិលបាក់ដី បានកើតឡើង៤១កន្លែង និងគ្រោះទឹកជំនន់វាយប្រហារលើតំបន់ចំនួន៣៨ទីតាំងនៃខេត្ត Fukuoka, Kumamoto, Oita រួមទំាងខេត្ត Saga៕ ប្រភពពី Fresh News

មតិ