ភ្នំពេញ៖ មន្ត្រីជំនាញបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០២មក កម្ពុជាបានខិតខំជំរុញ និងលើកកម្ពស់ចលនាភូមិ១ ផលិតផល១ រហូតសម្រេចបានលទ្ធផលគួរជាទីមោទកភាព ក្នុងនោះយើងមានផលិតផលកែឆ្នៃប្រមាណជិត១០០០ផលិតផល សម្រាប់ការនាំចេញនិងលក់លើទីផ្សារក្នុងស្រុក។

លោក សួង ណយ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ ផលិតផល១ បានថ្លែងឲ្យដឹងថា សាវតានៃការបង្កើតគណៈកម្មាធិការនេះគឹ ដើមទ្បើយនៅឆ្នាំ២០០២ បានដឹកនាំគណៈប្រតិភូចំនួន២០នាក់ទៅប្រទេសជប៉ុន ដើម្បីសិក្សាស្វែងយល់អំពីថាតើហេតុអ្វីបានជាប្រទេសជប៉ុនគេជឿនលឿន។ក្រោយមកទើបយើងដឹងថាហេតុដែលធ្វើឲ្យប្រទេសជប៉ុនជឿនលឿនគឺចាប់ផ្តើមពីមូលដ្ឋាន។
លោកបញ្ជាក់ថា អ្វីដែលយើងដឹងទាំងអស់គ្នានោះ នៅប្រទេសជប៉ុនគេមិនលក់វត្ថុធាតុដើមនោះទេ តែគេលក់ផលិតផលកែច្នៃ។ដូច្នេះពេលសម្តេចត្រទ្បប់មកវិញ សម្តេចក៏បង្កើតគណៈកម្មាធិការជម្រុញភូមិ១ ផលិតផល១ ដើម្បីឲ្យប្រជាកសិករចេះកែច្នៃផលិតផល ដូចជាពោតយើងកែច្នៃវាឲ្យទៅជាលាចន៍ ទៅជាម្សៅពោត ទឹកពោតជាដើម ហើយចាំនាំយកទៅលក់លើទីផ្សារ។ការធ្វើដូច្នេះគឺអាចបង្កើនតម្លៃផងនិងបង្កើនការងារនៅមូលដ្ឋានផង ។ ទន្ទឹមនោះយើងនឹងអាចនាំចេញប្រកបដោយស្តង់ដាទៅលក់នៅក្រៅប្រទេសថែមទៀត ហើយក៏បានតម្លៃខ្ពស់ជាង។
លោកបានបញ្ជាក់បន្ថែមថា ក្នុងរយពេលប្រមាណ២០ឆ្នាំនេះ យើងបង្កើតបានផលិតផលកែច្នៃប្រមាណជិត១០០០ផលិតផល នៅក្នុងទូទាំងប្រទេស។ ផ្តើមពីនោះយើងក៏បានឃើញនូវលទ្ធផលជាក់ស្តែង ដោយគ្រួសារមានជីវភាពកាន់តែប្រសើរ បង្កើនការងារច្រើននៅមូលដ្ឋានថែមទៀត។ដូច្នេះចលនាភូមិ១ ផលិតផល១ នេះសំខាន់ណាស់មិនអាចមើលរម្លងបាននោះទ្បើយ។

លោក សួង ណយ បានបន្ថែមថា ផលិតផលរបស់យើងភាគច្រើនបានផ្សព្វផ្សាយទៅក្រៅប្រទេស តាមច្រើនរូបភាពដូចជាតាមសារពត៌មាន តាមបណ្តាញសង្គមហ្វេសប៊ុក រួមមានទាំងរយការចុះMOU ជាមួយក្រុមហ៊ុនល្បីៗដើម្បីដាក់លក់ផលិតផលរបស់យើងផងដែរ។ក្រៅពីនោះក៏មានការរៀបចំជាការតាំងពិពរណ័ ការប្រជុំផ្សព្វផ្សាយថែមទៀត។
លោកអគ្គលេខាធិការរងបានអះអាងថា ផលិតផលកែច្នៃរបស់កម្ពុជាយើង បច្ចុប្បន្ននេះមានការទទួលស្គាល់ពីអតិថិជននៅក្រៅប្រទេស ដូចជាចេកអំបូងលឿង ស្វាយចន្ទី ស្វាយកែវរមៀត ចេកឆឹង ចេកឆាប ដូងក្រអូប ទឹកឃ្មុំ ជាពិសេសទឹកត្រីលាង ឡេងរូបត្រីកញ្ចាញ់ច្រាស់ ទឹកសុីអិីវ និងទឹកម្ទេស.. រួមទាំងផលិតផលជាច្រើនទៀត។
លោក សួង ណយ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរជួយគាំទ្រផលិតផលខ្មែរយើង ហើយបន្តជួយផ្សព្វផ្សាយផលិតផលកែច្នៃរបស់ខ្មែរយើងឲ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ ក៏ដូចជាជួយបង្កើនការងារដល់ប្រជាពលរដ្ឋខ្មែរយើងនៅមូលដ្ឋានផងដែរ។
យ៉ាងណាក៏ដោយលោកមើលឃើញថា ចលនាគាំទ្រផលិតផលខ្មែរមានសន្ទុះកើនទ្បើងខ្លាំងមែនទែននៅទូទាំងប្រទេស ហើយជាមោទកភាពណាស់ដែលខ្មែរជួយគាំទ្រផលិតផលខ្មែរ៕



