រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យមកម្ពុជា ឲ្យពង្រឹងសមត្ថភាព ដើម្បីជ្រៀតចូលទីផ្សារបរទេស និងធ្វើពិពិធកម្មទីផ្សារ

0
525

រាជធានីភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្ដល់កិត្តិយសក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូណេស៊ី លើកទី១១ ឆ្នាំ២០១៧ ដែលប្រារព្ធធ្វើនៅមជ្ឍមណ្ឌល និងសន្និសីទកោះពេជ្រ។

កម្មវិធីចាប់ផ្ដើមជាមួយនឹងសុទ្ទរកថាស្វាគមន៍របស់ ឯកឧត្តម ពីតូណូ ភើណូម៉ូ (Pitono Purnomo) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលនៅក្នុងសុទ្ទរកថាស្វាគមន៍នេះ ឯកឧត្តម បានលើកឡើងពីសារៈប្រយោជន៍របស់ពិព័ណ៍នេះ ដែលបានរៀបចំលើកដំបូងនៅក្នុងឆ្នាំ២០០៦ ដែលមានគោលបំណងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍ រវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋទូត បានបន្ថែមទៀតថា ពិព័រណ៍លើកនេះ នឹងតាំងបង្ហាញផលិតផលរបស់ឥណ្ឌូណេស៊ីជាច្រើន ក៏ដូចជាផ្សព្វផ្សាយពីទេសចរណ៍ឥណ្ឌូនេស៊ី ផងដែរ។


ជាមួយនោះដែរ នៅក្នុងសុទ្ទរថាបើករបស់ ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានថ្លែងអំណរគុណចំពោះស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា ដែលបានប្រឹងប្រែងសម្របសម្រួលរៀបចំពិព័រណ៍នេះឡើង។ ឯកឧត្តម ឆ្លៀតក្នុងឱកាសនេះ ផ្ដាំផ្ញើរទៅសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងលើកទឹកចិត្តឲ្យសហគ្រាសកម្ពុជាទាំងអស់ ប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឯង ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមពិព័រណ៍ស្រដៀងគ្នានៅបរទេស ដើម្បីជ្រៀតចូល និងធ្វើពិពិធកម្មទីផ្សារផលិតផលកម្ពុជា។ ឯកឧត្តម សង្កត់ធ្ងន់ថា ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នឹងផ្ដល់អត្ថប្រយោជន៍រួមមកលើឧត្តមភាពរបស់ប្រជាជនកម្ពុជា ដោយសហគ្រាសធុនតូច និងមធ្យម ជាចលករដ៏ខ្លាំងក្លា និងជាកាតាលីករដ៏សំខាន់ ក្នុងការលើកកំពស់សេដ្ឋកិច្ចជាតិ ៕

មតិ