ខេត្តកណ្ដាល៖ ទើបតែស្គាល់បាន២-៣ថ្ងៃរកសុីមុខរបរជាមួយគ្នាយកគ្រឿងអលង្ការក្លែងក្លាយមកបញ្ចាំដោយនិយាយថាមានអ្នកលេងល្បែងនូវកាសុីណូត្រូវការលុយ រួចរត់គេចខ្លួនបាត់ស្រមោលបានមួយរយៈត្រូវនគរបាលក្រុងភ្នំពេញសហការជាមួយនគរបាលស្រុកកោះធំចាប់ឃាត់ខ្លួនយកមកផន្ទាទោសដាក់ពន្ធនាគារទៅតាមច្បាប់។ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី ២៣ខែ មករា ឆ្នាំ ២០១៧នៅចំណុចផ្ទះជួលលេខ៤៩ ផ្លូវ៤៦៦ ក្រុម២៦ ភូមិបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះ ២នាក់រួមមាន :
១-ឈ្មោះ កែវ ដា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឡូកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ។
២-ឈ្មោះ ចាន់ ម៉េងលី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឡូកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញមុខរបរ លក់ដូរ ។ចំណែកឯជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ចេង ប៊ែ (ហៅ ហេង ពៅ) ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅនិងមុខរបរមិនពិតប្រាកដ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុ ស្ត្រីម្នាក់ជាជនសង្ស័យនិងខ្លួនគឺជាមនុស្សទើបតែស្គាល់គ្នា និងរកស៊ីទទួលបញ្ចាំជាមួយគ្នាព្រមទាំងស្នាក់នៅជាមួយគ្នានៅចំណុចកើតហេតុខាងលើ ។លុះនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង ២០ ថ្ងៃទី២៣ខែមករាឆ្នាំ២០១៧ ជនសង្ស័យបានយករបស់ក្លែងក្លាយដូចជា៖ ១-គ្រឿងអល័ង្កា( ខ្សែកកាឡៃ) ចំនួន ០៦ខ្សែ។
២-ចិញ្ចៀនកាឡៃ ចំនួន ០១វង់។
៣-ខ្សែជើងកាឡៃ ចំនួន ០១គូ ។
៤-ខ្សែដៃដាំត្បូងពណ៌ស កាឡៃ ចំនួន ០១ខ្សែ ។
៥-ទូរស័ព្ទចល័ត ចំនួន ០១គ្រឿង ។
៦-ថង់ក្រណាត់ពណ៌ក្រហម ចំនួន ០១ ។
៧-កាបូបស្ពាយ ចំនួន ០១ ទៅដាក់បញ្ចាំជាមួយខ្លួនដោយនិយាយថា ភ្ញៀវដែលចូលលេងល្បែងក្នុងកាស៊ីណូណាហ្គាវើល អោយយកមកបញ្ចាំក្នុងតម្លៃ ៣,០០០USD ។ពេលនោះខ្លួនបានទទួលយកខ្សែដៃនោះដោយពុំបានយកទៅពិនិត្យថាជារបស់ពិត ឬក្លែងក្លាយនោះទេ។ហើយបានប្រគល់ប្រាក់ទៅអោយជនសង្ស័យចំនួន ៣,០០០USD ។ ក្រោយមកនៅប្រមាណជា ០៣ម៉ោង នៅយប់ថ្ងៃដដែល ជនសង្ស័យ ក៏បានមកសុំយកប្រាក់ពីជនរងគ្រោះបន្ថែមចំនួន ៣,០០០USD ទៀតថែមទាំងនិយាយថា ម្ចាស់ខ្សែដៃចាញ់ល្បែងត្រូវការប្រាក់បន្ថែមខណៈនោះដោយសារតែជនរងគ្រោះមានការទុកចិត្តលើជនសង្ស័យដែលជាអ្នករកស៊ីជាមួយគ្នា ក៏បានអោយប្រាក់ទៅជនសង្ស័យចំនួន ៣,០០០USD ទៀត ។ លុះព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៧ខ្លួនមានការសង្ស័យទៅលើខ្សែដៃនោះក៏បានយកទៅអោយគេពិនិត្យទើបដឹងថា ជាខ្សែដៃក្លែងក្លាយ។បន្ទាប់មកខ្លួនក៏បានត្រលប់មកផ្ទះជួលដែលស្នាក់នៅជាមួយគ្នា និងជនសង្ស័យវិញ តែជនសង្ស័យបានប្រមូលសម្ភារៈប្រើប្រាស់ផ្លាស់ប្ដូផ្ទះជួលទៅហើយ នៅពេលដែលជនរងគ្រោះទាក់ទងទៅ ជនសង្ស័យថាពុំធ្លាប់ស្គាល់នោះទេ ។
ក្រោយមកជនរងគ្រោះ កែវ ដា និង ចាន់ ម៉េងលី រួមជាមួយក្រុមគ្រួសារបានបន្តស្រាវជ្រាវរហូតបានដឹង និងស្គាល់ពីកន្លែងដែលជនសង្ស័យស្នាក់នៅថ្មីឯភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ លុះនៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៧ ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹង និងនាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង ។
តាមចំលើយសារភាពនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកខ្សែដៃដាំត្បូងពណ៌ស ជារបស់ក្លែងក្លាយ ទៅបញ្ចាំបោកយកប្រាក់ពីជនរងគ្រោះចំនួន ៦,០០០USD ប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីសាកសួរ ចាត់ការតាមនីតិវិធី៕