ប៉ូលីសម៉ាឡេស៊ីស្នើសុំសួរចម្លើយមន្ត្រីទូតកូរ៉េខាងជើងម្នាក់ ពាក់ព័ន្ធករណីឃាតកម្មលើបងប្រុសលោក គីម ជុងអ៊ុន

0
533

ម៉ាឡេស៊ី ៖ មេបញ្ជាការប៉ូលីសម៉ាឡេស៊ី​បានបញ្ជាក់ក្នុងថ្ងៃពុធនេះថា ខ្លួនកំពុងស្វះស្វែងស្នើ សុំកិច្ច​សហប្រតិបត្តិការ​ពីរដ្ឋាភិបាលកូរ៉េខាងជើង ដើម្បីសាកសួរចម្លើយពី​មន្ត្រី ស្ថានទូត​កូរ៉េខាងជើង​ម្នាក់ ក្នុងក្រប​ខ័ណ្ឌនៃការស៊ើប​អង្កេត​លើករណី​ឃាតកម្ម​លោកគីម ជុងណាំ គ្រាដែលជនសង្ស័យ​ជាបុរសម្នាក់​ទៀតត្រូវបានគេ​ជឿជាក់ថា ​ជាបុគ្គលិក​ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង ។

មេបញ្ជាការ​ប៉ូលីសម៉ាឡេស៊ីលោក ខាលីប អាប៊ូ បាកា បានថ្លែងឱ្យដឹងក្នុងសន្និ សីទសារព័ត៌មានថា បុរសជាជនសង្ស័យ​ទំាងពីរនាក់នេះ បាននឹងកំពុងស្ថិតក្នុង ប្រទេសម៉ាឡេស៊ី​នៅឡើយ ហើយលោក​អះអាងថា​ មន្ត្រីទូតកូរ៉េខាងជើង​ដែល ជាប់សង្ស័យនោះ​ មានឋានៈជាលេខា​លំដាប់ទី២ នៅស្ថានទូត​កូរ៉េខាងជើងប្រចាំ ទីក្រុង​គូឡាឡាំពួរ ។ មេបញ្ជាការ​ប៉ូលីសម៉ាឡេស៊ីរូបនេះ ក៏បានបញ្ជាក់ឡើងវិញ​ដែរថា ពួកគេនៅតែ​ជឿជាក់​ដដែលថា ជនសង្ស័យជាជនជាតិ​កូរ៉េខាងជើង៤នាក់ ដែលបាន​ចាកចេញពី​ម៉ាឡេស៊ីកាលពីថ្ងៃទី១៣ ខែកុម្ភៈ ជាថ្ងៃលោក គីម ជុងណាំ ត្រូវគេធ្វើឃាតនោះ ​បានធ្វើដំណើរទៅដល់ទីក្រុងព្យុង​យ៉ាងហើយ ។

គិតមកដល់ថ្ងៃពុធនេះ ​អាជ្ញាធរម៉ាឡេស៊ីអះអាងថា ពុំទាន់មាន​ក្រុមគ្រួសារសាច់​ញាតិលោក គីម ជុងណាំ ធ្វើដំណើរ​មកកាន់​ទីក្រុង​គូឡាឡាំពួរ ឬផ្ដល់គំរូ DNA បញ្ជាក់ពី​អត្តសញ្ញាណ​សាកសព​ ដូចការចុះផ្សាយពី​បណ្ដាប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ ចំនួន​នោះទេ ខណៈកូរ៉េខាងជើង​ជឿថា ​សាកសពនេះ មិនមែនជា​លោក គីម ជុងណាំ តែជាបុរស​ម្នាក់មាន​ឈ្មោះថា គីម ចុល ៕

មតិ