សហរដ្ឋអាមេរិកសន្យាប្រើអាវុធនុយក្លេអ៊ែរ ការពារសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងជប៉ុន

0
588

អាមេរិក ៖ ថ្លែងក្រោយជំនួបជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុន ក្នុងឱកាសចូលរួមកិច្ច ប្រជុំកំពូល ជី២០ នៅទីក្រុងប៊ន ប្រទេសអាល្លឺម៉ង់ រដ្ឋមន្រ្តីការបរទេសអាមេរិកថ្មី លោក រិច ធីល្លឺសុន បានសន្យាថា ប្រទេសលោកនឹង​ប្រើ​គ្រប់​អាវុធ ឬវិធានាការ​ទំាងអស់​ដែលខ្លួនមាន ​ក្នុងនោះរួមទំាងអាវុធ​នុយក្លេអ៊ែរ ដើម្បី​ការពារ​សម្ព័ន្ធមិត្ត កូរ៉េខាងត្បូង និងជប៉ុនពីការគំរាមកំហែង​ណាមួយរបស់កូរ៉េខាងជើង ក្នុង​ករណី​ចាំបាច់ ។

ប្រមុខកាទួតអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក​នៅតែ​រក្សាការ​សន្យា និងការប្ដេជ្ញា​ចិត្ត​របស់ខ្លួន ក្នុងការការពារ​ប្រទេសសម្ព័ន្ធមិត្តទំាងពីរ ក្នុង នោះ​រួមមានទាំង​ការការពារធម្មតា និងការបញ្ចេញសមត្ថភាព​ការពារ​ដោយប្រើ ប្រាស់អាវុធ​នុយក្លេអ៊ែរនៅក្នុងករណី​ចាំបាច់ណាមួយ ។

ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រី​ការបរទេសប្រទេស​ទាំងបីក៏បានធ្វើការ ថ្កោលទោស​យ៉ាងខ្លាំង​ផងដែរ ចំពោះ​ការបាញ់​សាកល្បង​មីស៊ីលផ្លោងរបស់កូរ៉េ ខាងជើង​កាលពី​សប្ដាហ៍​មុន ដែលបានហោះធ្លាក់ចូល​ទៅក្នុងដែនសមុទ្រ​ជប៉ុន ខណៈប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា ​កូរ៉េខាងជើង គឺជា​បញ្ហាដ៏ធំ ហើយបញ្ហានេះ​នឹងត្រូវដោះស្រាយ​ដោយវិធានការ​យ៉ាងតឹងរ៉ឹង ៕

មតិ