សត្វឆ្កែចចកព្រៃមួយក្បាល ត្រូវបានប្រជាពលរដ្ឋក្នុងភូមិលើកគ្នាដេញវាយសម្លាប់ បន្ទាប់ពីបានដេញខាំប្រជាពលរដ្ឋក្នុងភូមិរងរបួស៧នាក់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅក្នុងភូមិស្នោរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុពេលព្រឹកព្រលឹមប្រជាពលរដ្ឋនាំគ្នាទៅយកចង្រិតនៅតាមអន្លង់ដែលពួកគាត់បានដាក់ នៅចុងភូមិស្នោរ ពេលនោះមានឆ្កែចចកព្រៃមួយក្បាលសម្បុរ ស .លឿង បានស្ទុះចេញពីក្នុងព្រៃមកខាំប្រជាពលរដ្ឋម្នាក់ ព្រមទាំងបានចូលក្នុងភូមិដេញខាំប្រជាពលរដ្ឋមិនរើសមុខដូចជាឆ្កែឆ្កួត បណ្ដាលឲ្យរងរបួសប្រជាពលរដ្ឋ៧នាក់ ។ ពេលនោះ ដែរប្រជាពលរដ្ឋបានលើកគ្នាដេញវាយសម្លាប់តែម្តង។
សមត្ថកិច្ចបានបន្តថា ភូមិស្នោរ ឃុំខុនរ៉ង មិនមែនជាភូមិមានព្រៃប៉ុន្មានទេ គ្រាន់តែមានព្រៃរបោះ និងគុម្ភឫស្សី នៅជាប់ជើងភូមិច្រើនប៉ុណ្ណោះ តែមិនដឹងថាឆ្កែចចកព្រៃមួយក្បាលនេះចេញពមកណា ។
ចំពោះប្រជាពលរដ្ឋដែលរងរបួសស្រាលៗ បានទៅព្យាបាលតាមផ្ទះដោយខ្លួនឯង។ ប៉ុន្តែអ្វីមិនធ្លាប់មាមនោះ គឺជាលើកទីមួយហើយដែលមានឆ្កែចចកព្រៃចេញមកខាំប្រជាពលរដ្ឋក្នុងភូមិនេះ៕
Discussion about this post