រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការចុះផ្សាយកាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២២ទាំងអត្ថបទនិងវីដេអូទាក់ទងនឹងការវាយកម្ទេចសាលារៀនមួយខ្នងមានបីបន្ទប់ ក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រួចមក និងដោយបានឃើញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានចេញថ្ងៃអង្គារ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវហ្នឹងថ្ងៃទី១០ ខែឧសភាឆ្នាំ២០២២ អង្គភាពសារព័ត៌មាន ENN Hot news សូមធ្វើការផ្សាយបំភ្លឺជូនសាធារណជន តាមខ្លឺមសារ សេចក្តីប្រកាសរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលមានខ្លឹមសារដូចខាងក្រោម៖រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឃើញព័ត៌មានផ្សព្វផ្សាយវីដេអូឃ្លីបនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់បណ្តាញសារព័ត៌មានENN hot news កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ដែលមានចំណង ជើងថា សម្តេចតេជោមានតែខិតខំសាងសង់សាលារៀនឲ្យក្មេងៗ តែភូមិមួយក្នុងខេត្តបន្ទាយមានជ័យបែរជាអាជ្ញាធរ បណ្ដោយឲ្យបុគ្គលខ្លះវាយកំទេចសាលារៀនចោលទៅវិញ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ រដ្ឋបាលខេត្តបានស្រាវជ្រាវឃើញថា អាគារនោះមានទីតាំងស្ថិតនៅចំណុច បឹង៧៥ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ គឺជាអតីតទីតាំងដីវិវាទដីធ្លីដ៏រ៉ាំរ៉ៃក្រោយសមាហរ ណកម្ម ដែលមានទំនាស់រវាងលោក លី អ៊ុតនី (មរណៈភាព) ជាមួយកម្លាំងអតីតវរៈសេនាតូចលេខ៦៧២និង៦៧៣ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបញ្ចប់ទំនាស់តាមលិខិតលេខ១៥៥៣ សជណ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ របស់ទីស្តី ការគណៈរដ្ឋមន្ត្រី។ ក្រោយមកទីតាំងដីខាងលើនេះ ត្រូវបានក្រុមអនាធិបតេយ្យដឹកនាំដោយឈ្មោះ ព្រាប សារុន (មរ ណៈភាព) ឈ្មោះ គង់ ជា និងបក្ខពួកបានអូសទាញប្រជាពលរដ្ឋមកពីតាមបណ្តាភូមិ ឃុំ ស្រុក ខេត្តផ្សេងៗ ចូលរំលោភ កាន់កាប់ លក់ដូរយ៉ាងអនាធិបតេយ្យដោយគ្មានអាជ្ញាធរទទួលស្គាល់ឡើយ។ កំឡុងពេលនោះ ក្នុងរូបភាពយកប្រៀប ឈ្នះលើករណីវិវាទដីធ្លីលើគូភាគី មេខ្លោងដោយមានការគាំទ្រពីអង្គការក្តីស្រឡាញ់គ្មានព្រំដែន បានសាងសង់អាគារ មួយខ្នងលើទីតាំងដីកម្មសិទ្ធិរបស់អ្នកដទៃ ដោយពុំបានសុំការអនុញ្ញាពីសមត្ថកិច្ចពាក់ព័ន្ធ និងបើកបង្រៀនដោយខុស ច្បាប់ គ្មានការទទួលស្គាល់ពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តឡើយ ។
ករណីខាងលើនេះត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ក្រោមអធិបតីភាពដឹកនាំដោះស្រាយដោយផ្ទាល់របស់ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សហ ការជាមួយក្រុមការងារខេត្តបន្ទាយមានជ័យ និងម្ចាស់ដីបានរៀបចំជាដីឡូត៍ ដីបម្រុងសម្រាប់តំបន់រដ្ឋបាល និងហេដ្ឋា រចនាសម្ព័ន្ធផ្លូវ ហើយបងប្អូនប្រជាពលរដ្ឋបានចាប់ឆ្នោតទទួលយកដីឡូតិរៀងៗខ្លួន ដោយឡែកចំពោះអាគារសិក្សា អង្គការក្តីស្រឡាញ់គ្មានព្រំដែន ស្ម័គ្រចិត្តរុះរើចេញដោយខ្លួនឯង ចំណែកកុមារត្រូវបានអាជ្ញាធរសម្របសម្រួលបញ្ចូន ទៅរៀននៅសាលាបឋមសិក្សាសន្តិភាព សាលាបឋមសិក្សាអូរអំពិលនៅក្បែរៗនេះ ដែលជាសាលារៀនរបស់រដ្ឋ ហើយក្រុមការងារបានប្រគល់ទីតាំងដីទំនាស់នេះជូនម្ចាស់ដីវិញ បន្ទាប់ពីនេះ រដ្ឋបាលខេត្តនឹងធ្វើសិក្សាជាមួយ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ពិនិត្យលើលទ្ធភាពបង្កើតសាលាបឋមសិក្សារដ្ឋដើម្បីឲ្យកុមារមានភាពងាយស្រួល បានរៀនសូត្រក្នុងមូលដ្ឋានតែម្តង។
រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបដិសេធទាំងស្រុងលើការចុះផ្សាយរបស់បណ្តាញសារព័ត៌មានENN hot news លើបណ្តាញសង្គមដោយគ្មានមូលដ្ឋានច្បាស់លាស់ ការញុះញង់បំភ្លឺខុសការពិតទាំងស្រុង ធ្វើឲ្យ មជ្ឈដ្ឋានសាធារណៈជន ថ្នាក់ដឹកនាំមានការយល់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អាជ្ញាធរ ៕
Discussion about this post