ថាម៉េច ! ពហុកីឡដ្ឋានជាតិពិបាកចូលដល់ម្លឹងផង សូម្បីមន្រ្តីនៅទីនោះ គ្រូ កីឡាករ និងអ្នកសារព័ត៌មាន តែបើអោយ១០០០រៀលគ្មានបញ្ហា តើពិតទេ ???

0
123

ភ្នំពេញ ៖ លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្នុងពេលថ្មីៗទាំងមន្រ្តី គ្រូ កីឡាករ និងអ្នកសារព័ត៌មាន បាននាំគ្នាបង្ហោះលើគណនេយ្យរបស់ខ្លួន ពីក្រុមសន្តិសុខដែលយាមកាម ក្នុងបរិវេណពហុកីឡដ្ឋានជាតិមិនអោយចូល ។ ក្នុងនោះមន្ដ្រី និងកីឡាករមួយចំនួន មិនត្រូវបានអនុញ្ញាតឲ្យជិះម៉ូតូចូល តែប្រជាពលរដ្ឋមួយចំនួន អាចជិះម៉ូតូចូលបាន ដោយគ្រាន់តែបង់ប្រាក់ ១,០០០រៀល ។ នេះបើយោងតាមប្រភពខាងក្រោម ។

ផ្ដើមចេញពីអ្នកសារព័ត៌មានមួយរូប ដែលបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួន កាលពីម្សិលមិញថា បានសរសេរថា «នៅព្រឹកនេះហេងណាស់ ជិះម៉ូតូចូលយកព័ត៌មានពហុកីឡដា្ឋនអូឡាំពិកត្រូវក្រុមសន្តិសុខមិនឲ្យចូល ដោយនិយាយប្រាប់អ្នកសារព័តមានហើយ នៅមិនឲ្យចូលទៀត ប៉ុន្តែអ្នកលេងល្បែងស៊ីសង និងអ្នកហាត់ប្រាណឲ្យចូលពហុកីឡដា្ឋនដោយសេរី ។ ចំណែកឡានក្រុងធំ ព្រមទំាំងឡាននានាមកពីចូលបណ្តាលក្រុមហ៊ុននៅជុំវិញ ពិសេសឡានមួយចំនួនចតចោលរាល់ខែ អ្នកទទួលខុសត្រូវក្នុងស្តាតមិនដែរសួរម្ចាស់ឡានឡើយ នេះសបញ្ជាក់ថា ពហុកីឡដា្ឋនអូឡាំពិកក្លាយជាកន្លែងចំណតឡានដ៏ពេញនិយមបំផុតក្នុងរាជធានីភ្នំពេញ» ។

ក្រោយការបង្ហោះខាងលើ គេឃើញមានមន្ដ្រី កីឡាករ និងមហាជនមួយចំនួន បានបង្ហាញអារម្មណ៍ដូចគ្នាផងដែរ ដោយអះអាងថា សូម្បីខ្លួនជាមន្ដ្រី និងជាកីឡាករ ក៏មិនត្រូវបានអនុញ្ញាតឲ្យជិះម៉ូតូចូលហ្វឹកហាត់ដែរ ។ តួយ៉ាងដូចជាគ្រូបង្វឹកប្រដាល់គុនខ្មែរលោក ឡុង សាលីន(Long Selin) បានសរសេរថា «សូម្បីតែខ្ញុំជាគ្រូចូលក្នុងអូឡាំពិក ក៏គេទាលុយដែរ ព្រឹកមិញ» ។ រីឯគណនីហ្វេសប៊ុកមួយទៀត ដែលបង្ហោះកាលពីព្រឹកមិញឈ្មោះ Pel Vanny ដែលជាកីឡាសូហ្វតិន្នីស បានសរសេរថា «ស្ដាតអូឡាំពិក ខ្ញុំកីឡាករមកហាត់អោយជាតិ តែមិនអោយខ្ញុំជិះម៉ូតូចូលហាត់ទេ ក្នុងមួយថ្ងៃហាត់ពីរពេល តែអ្នកវៃបាល់ទះស៊ីលុយអោយជិះចូលលេង នឹងគិតម៉េចដែរបងប្អូនខ្មែរ» ។

ដោយឡែកលោក ចេង ចាន់ដារ៉ា(Cheng Chandara) មន្ដ្រីអាជ្ញាកណ្ដាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហោះសារស្រដៀងគ្នាកាលពីល្ងាចមិញថា «សូមមេត្តាធ្វើឲ្យចេះគិត ចេះពិចារណា ហើយនឹងគ្រប់គ្រងបុគ្គលិកក្រោមបង្គាប់ និងឲ្យបានច្បាស់លាស់ សម្រាប់មន្ត្រីដឹកនាំ និងរៀបចំការងារទូទៅនៅក្នុងពហុកីឡាដ្ឋាន មិនអនុញ្ញាតឲ្យចូលទេម៉ូតូ តែបើភ្ញៀវមកទស្សនា ឬក៏មកកម្សាន្តអាចជិះចូលបានដោយគ្រាន់តែបង់ប្រាក់ ១,០០០រៀលមិនចាំបាច់ផ្ញើម៉ូតូ ឬក៏កឹបសំបុត្រទេ សម្រាប់ខ្ញុំជាមន្ត្រីត្រូវផ្ញើម៉ូតូហើយបង់ប្រាក់ ១,០០០រៀលទៀត ។ សួរថាតើការគ្រប់គ្រងរបស់អស់លោកធ្វើបានត្រឹមត្រូវទេ សូមពិចារណានឹងកែតម្រូវឡើងវិញ ។ សូមអរគុណបើសិនជាការនិយាយទៅមានកំហុសឆ្គងសូមអភ័យទោសផង» ។

អ្វីដែលកាន់តែពិសេសនោះ គឺលោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានសរសេរថា «សូម្បីតែអាងហែលទឹកនូវគេចង់ដាក់ដេញថ្លៃ និងអីគិតពីកីឡា» ។ ឆ្លើបតបនឹងការកើតទុក្ខមិនសុខចិត្តរឿងសន្ដិសុខក្រុមហ៊ុនឯកជន នៃពហុកីឡដ្ឋានជាតិ ដែលមិនអនុញ្ញាតឲ្យជិះម៉ូតូជិះចូល លោក អ៊ុក សិទ្ធិជាតិ ដែលជាសេនាធិការរបស់ក្រសួងអប់រំ បានឆ្លើយតបនឹងអ្នកសារព័ត៌មាន មន្ដ្រី និងកីឡាករខាងលើថា «ចាំធ្វើ Pass អោយលោកក Philipe Lee ជិះម៉ូតូឡើងដល់លើវេទិកាយកព័ត៌មានផង…។ លោក ហែម គិរី ក៏អញ្ចឹងដែរ បើចង់បាន Pass VIP បើកឡានឡើងលើអាងទឹកធ្វើឲ្យគាត់ផង…។ ទាល់តែរួមគ្នា ទើបមានសណ្ដាប់ធ្នាប់ល្អ រវាងអ្នកគ្រប់គ្រង និងភាគីពាក់ព័ន្ធ ប្រជាពលរដ្ឋ បញ្ហាខ្លះមកពីមិនយល់គ្នា…» ។

យ៉ាងមិញ បើទោះបីមានការឆ្លើយតបពីសំណាក់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡាខាងលើក្ដី ប៉ុន្ដែលោកមិនបានបង្ហាញពីគោលការណ៍ក្នុងការចេញ-ចូលពហុកីឡដ្ឋានជាតិនោះទេ បើទោះបីកន្លងមកធ្លាប់មានករណីចោរកម្មវាយមន្ដ្រីគណនីរបស់អគ្គនាយកដ្ឋានកីឡាយកសម្ភារៈមានតម្លៃ និងថវិកាមួយចំនួនក៏ដោយ ។ បន្ថែមលើនេះ មានមន្ដ្រីមើលការខុសត្រូវពហុកីឡដ្ឋានជាតិម្នាក់ បាននិយាយសុំមិនបញ្ចេញឈ្មោះថា គោលការណ៍ថ្មីក្នុងពហុកីឡដ្ឋានជាតិបច្ចុប្បន្ន សូម្បីលោកផ្ទាល់ក៏មិនដឹងដែរ ។ តែអ្វីដែលោកចាប់អារម្មណ៍មួយរយៈពេលចុងក្រោយនេះ មានរថយន្ដជាច្រើន បានយកមកផ្ញើរក្នុងពហុកីឡដ្ឋានជាតិ ធ្វើឲ្យពិបាកដល់ការហាត់ប្រាណរបស់មហាជន ។ លើសពីនេះ ក៏មានការបង្កើតតូបជួលសម្រាប់លក់របស់ហូបចុកជាច្រើន អមដោយការដំឡើងតម្លៃកប់ក្ដោងទៀតផង ៕

មតិ