កីឡាប្រណាំងកង់កម្ពុជាទទួលបានមេដាយមាសមួយគ្រឿងនិងប្រាក់មួយគ្រឿង

0
155

រាជធានីភ្នំពេញ៖កីឡាការិនីជម្រើសជាតិកម្ពុជា ហេង ស៊ីវឡាង និងកីឡាការិនី ហេង ស៊ីវហ្គិច បានវិលត្រឡប់មកកម្ពុជាវិញហើយដោយនាំយកមេដាយមាសមួយគ្រឿង មេដាយប្រាក់មួយគ្រឿងមកជូនជាតិ បន្ទាប់ពីបានចូលរួមប្រកួត ក្នុង

ព្រឹត្តិការណ៍កីឡាប្រណាំង ទោចក្រយាន ជ្រើសរើសជើងឯកអាស៊ី លើវិញ្ញាសា Individual Time Trail Women Master នៅប្រទេស មីយ៉ាន់ម៉ា ដោយមាន២៤ប្រទេសចូលរួម។

កាលពីយប់កថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ជម្រើសជាតិប្រណាំងកង់ផ្នែកនារីទាំងពីររូបបានដល់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការទទួលស្វាគមន៍យ៉ាង កក់ក្តៅពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និង លោក នុត សាអាន ប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា សម្រាប់ កីឡាការិនីជម្រើសជាតិកម្ពុជា ហេង ស៊ីវឡាង បានចូលរួមព្រឹត្តិការណ៍ប្រណាំងនៅមីយ៉ាន់ម៉ា ដោយមានប្រទេសចូលរួមចំនួន២៤ សម្រេចជោគជ័យឈ្នះមេដាយមាសពិតជាធម្មតាសម្រាប់ជម្រើសជាតិនារីកម្ពុជាយើង ដែលបានខិតខំអស់ពីសមត្ថភាពដើម្បី ដណ្តើមកិត្តិយសដ៏ធំធេងនេះមកជូនជាតិមាតុភូមិរបស់ខ្លួន។

អ្នកនាង ហេង ស៊ីវឡាង ម្ចាស់មេដាយមាសរូបនេះប្រាប់ថា ការឈ្នះមេ ដាយមាសនេះ គឺកម្រិតសមត្ថភាពរបស់អ្នកស្រីកើនឡើងល្អជាងមុន ដោយតាំងពីមុនព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងក្រោយស៊ីហ្គេម អ្នកស្រីក៏នៅតែបន្តការហ្វឹកហាត់នៅក្នុងស្រុកយ៉ាងខ្លាំងក្លា ផងដែរ។ ការប្រកួតនេះគេបាន បែងចែកវិញ្ញាសាទៅតាមកម្រិតជំនាញ និងអាយុ គឺវិញ្ញាសាអាយុក្រោម១៨ឆ្នាំ វិញ្ញាសាអាយុក្រោម២៣ឆ្នាំ វិញ្ញាសាជំនាញ និងវិញ្ញាសាជំនាញអាយុ៣៥ឆ្នាំឡើង។ កីឡាការិនីកម្ពុជាទាំងពីរនាក់ប្រកួតក្នុងវិញ្ញាសាជំនាញអាយុ៣៥ឆ្នាំចម្ងាយ២២គីឡូម៉ែត្រ។ កីឡាការិនី ហេង ស៊ីវឡាង បញ្ជាក់ថា នេះជាលើកទី១សម្រាប់អាជីពជិះកង់របស់អ្នកស្រីដែលបានឈ្នះមេដាយពីព្រឹត្តិការណ៍អន្តរជាតិកម្រិតអាស៊ីបែបនេះ។

លោក វង្ស ខាន់ពៅ អគ្គលេខាធិការ សហព័ន្ធកីឡាទោច្រយានកម្ពុជាបានថ្លែងថា គណៈប្រតិភូកីឡាជិះកង់កម្ពុជាមានគ្នា៦នាក់ គឺកីឡាករ៣នាក់ កីឡាការិនី២នាក់ និងគ្រូបង្វឹក១នាក់បានចូលរួមប្រកួតជិះកីឡាកង់ជើងឯកអាស៊ីនៅមីយ៉ាន់ម៉ា ហើយជាលទ្ធផលនាពេលនេះគឺជាជោគជ័យថ្មីមួយ ដែលវិស័យកីឡាទោចក្រ យានមានការរីកចម្រើនពី១ឆ្នាំទៅ១ឆ្នាំ ហើយការឈ្នះមេដាយ២គ្រឿងពីជើងឯកអាស៊ី ក្រោមការឧបត្ថម្ភគាំទ្រ យ៉ាងពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាផងដែរ៕

មតិ