សហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្ដរជាតិ ទទួលស្គាល់ ចៅក្រមវាយកូនឃ្លីលើតុកម្ពុជា ៨រូបក្នុងចំណោម២៥នាក់

0
147

ភ្នំពេញ ៖  « ចៅក្រមកីឡាវាយកូនឃ្លីលើតុ ៨នាក់ ត្រូវបានសហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្ដរជាតិ (ITF) ទទួលស្គាល់ ក្រោយពួកគេប្រឡងជាប់ចៅក្រមកម្រិតមូលដ្ឋាន ក្នុងចំណោម២៥នាក់ គឺជាជោគជ័យដ៏មិននឹកស្មានមួយ ព្រោះសិក្ខាកាម ទាំងអស់មិនធ្លាប់ចូលរួមវគ្គបណ្ដុះបណ្ដាលពីមុនទេ ភាគច្រើនគឺគាត់អនុវត្តការងារជាក់ស្ដែង មិនសូវយល់ច្បាស់ពីច្បាប់ ឬបទបញ្ជាការប្រកួតនោះទេ» ។ នេះជាការថ្លែងរបស់លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការស្ដីទី របស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្នុងពិធីបិទវគ្គ បណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមកីឡាវាយកូនឃ្លីលើតុ ប្រចាំឆ្នាំ ២០១៨ បន្ទាប់ពីឆ្លងកាត់វគ្គរយៈពេល ៣ថ្ងៃកន្លងទៅ ។
លោក ប៊ុយ សោភ័ណ្ឌ បានលើកឡើងថា តាមរយៈសមិទ្ធផលនេះ គឺទទួលបានជោគជ័យ ប្រមាណ៣៥% បើធៀបនឹងគម្រោង នៃសិក្ខាកាមដែលចូលរួមវគ្គបណ្ដុះបណ្ដាលខាងលើ ។ លោកបន្ថែមថា បន្ទាប់ពីទទួលបានផ្លែផ្កា ក្នុងការបើកវគ្គសិក្ខាលើកដំបូងនេះ សហព័ន្ធនឹងបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រម មួយវគ្គទៀតនាខែមីនាខាងមុខ ដើម្បីចម្រាញ់រកធនធានអាជ្ញាកណ្ដាល-ចៅក្រមថ្នាក់ជាតិ ឲ្យបានច្រើន។ លើសពីនេះ សហព័ន្ធក៏គ្រោងស្នើទៅ ITF ដើម្បីរៀបចំការប្រឡងអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិ នៅប្រទេសកម្ពុជា ដោយចម្រាញ់យកអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិប្រមាន ២ ទៅ៣នាក់ នាខែមេ សាខាងមុខ។
ថ្លែងក្នុងពិធីបិទវគ្គនោះដែរ កញ្ញា Rachel Ramos ដែលជាចៅក្រមកម្រិត ខ្ពស់បាន កោត សរសើរ ចំពោះការតាំងចិត្តសិក្សារបស់សិក្ខាកាមកម្ពុជា។ កញ្ញារំពឹងថា ក្រោយបញ្ចប់ វគ្គបណ្ដុះ បណ្ដាលខាងលើ ពួកគេនឹងយកចំណេះដឹង ទៅអនុវត្តការងារជាក់ស្ដែង ប្រកបដោយប្រសិទ្ធិភាព ដើម្បី អភិវឌ្ឍន៍សមត្ថភាពបន្ថែម និងត្រៀមឈានទៅប្រឡងយកសញ្ញាបត្រអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិ នាពេលអនាគតផងដែរ ។
«សូមបញ្ជាក់ថា លោក សឹង តុលា, ឃុន ផាន់និត, តេង សំណាង, ជា សុជាតិ, សារៈ ស៊ូព្រីង, ប៊ុន វិសាល, ហង្ស រ៉ាណាស្សា និងលោក ស្លឹក ឡយ គឺជាចៅក្រម ទាំង៨នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រកម្រិតមូលដ្ឋាន និងទទួលស្គាល់កញ្ញា Rachel Ramos ចៅក្រមកម្រិត Blue Badge (កម្រិតខ្ពស់បំផុត) របស់ ITTF ធ្វើជាគ្រូឧទ្ទេស ៕

មតិ