ប្រធានសហព័ន្ឋកីឡាវាយកូនឃ្លីលើតុប្រជុំដកអគ្គលេខាធិការចេញបន្ទាន់ ពាក់ព័ន្ឋរឿងមិនប្រក្រតីជាច្រើន ពិសេសរឿងសុីដាច់លុយ

0
201

ភ្នំពេញ ៖ ក្រោយលេចលឺដំណឹងមិនប្រក្រតីជាច្រើនជាពិសេសរឿងសុីដាច់លុយ លោកឧកញ៉ា រ័ត្ន សុខន ប្រធានសហព័ន្ឋកីឡាវាយកូនឃ្លីលើតុ បានបើកកិច្ចប្រជុំមួយជាបន្ទាន់ ដើម្បីដកអគ្គលេខាធិការ កញ្ញាតៃ លីដា ក្រោយទទួលបានបណ្ដឹងជាច្រើនពីសមាជិកប្រតិបត្តិ និងតំណាងក្លឹបចំនួន១៥ ។

នៅក្នុងកិច្ចប្រជុំបន្ទាន់ខាងលើ ទាំងគ្រូបង្វឹកជម្រើសជាតិ គ្រូបង្វឹកកីឡាករ សមាជិក សមាជិការ និងគ្រប់ក្លឹប សុតតែមិនពេញចិត្តនឹងអាកប្បកិរិយាអគ្គលេខាធិការរូបនេះទាំងអស់ កាយវិការ សម្តីសម្តៅ ការរៀបចំផ្សេងៗ គម្រាមដកគេឯង ថែមទាំងលូកលាន់រឿងបច្ចេកទេស ដែលខ្លួនឯងមិនចេះផ្នែកនេះអីបន្តិចសោះ ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំខាងលើ លោកឧកញ៉ា រ័ត្ន សុខន បានឲ្យដឹងថា «ជុំវិញបណ្ដឹងបង្ខំឲ្យកញ្ញា តៃ លីដា លាឈប់ពីតំណែងអគ្គលេខាធិការជាបន្ទាន់បែបនេះ គឺពាក់ព័ន្ធនឹងករណីពុករលួយ និងការអនុវត្តខុសតួនាទីជាដើម។ លោកថា ករណីដែលគាត់ (តៃ លីដា) ត្រូវលាឈប់ គឺមាន៣ចំណុច ទី១-គឺរឿងលូកដៃការងារបច្ចេកទេសរបស់គេ ដែលហ៊ានស្នើដកគ្រូបង្វឹកដ៏មានបទពិសោធន៍។ ទី២-គឺអគ្គហិរញ្ញឹក ដែលជាអ្នកកាន់កាប់លុយ បែរជាមិនបានកាន់។ ទី៣-រឿងពុករលួយ ស៊ីលុយគេ។ ខ្ញុំនិយាយថា បើមិនរៀបចំឲ្យស្រួលឲ្យគេ គឺឈប់មិនស្រួលនោះទេ ហើយខ្ញុំក៏នឹងរៀបចំអ្នកថ្មី ក៏ប៉ុន្ដែរឿងគេប្ដឹង គឺគេចមិនផុតដែរ»។
លោក រស់ ជាតិ គ្រូបង្វឹកមានវ័យចាស់ជាងគេ និងជាអតីតកីឡាករជម្រើសជាតិវាយកូនឃ្លីលើតុយូរជាងគេបានលើកឡើងក្នុងកិច្ចប្រជុំខាងលើថា លោកមិននឹកស្មានអគ្គលេខាធិការខាងលើ មានសិទ្ធិបញ្ជាឲ្យលោកលាឈប់ពីគ្រូជម្រើសជាតិ ទោះបីមិនដឹងរឿងអ្វីឡើយ។ បន្ថែមលើការកើតទុក្ខមិនសុខចិត្តនេះ លោក សំ បូរ័ត្ន ដែលជាគ្រូជំនួយ ក៏បានរៀបរាប់ទាំងហួសចិត្តផងដែរថា ក្លឹបចូលរួមប្រកួតជើងឯកត្រូវទទួលបានថវិកាលើកទឹកចិត្ត ១០០ដុល្លារ គឺទទួលបានត្រឹម ១០ម៉ឺនរៀលប៉ុណ្ណោះ។ លើសពីនេះ ក្រោយមានការជំរុញសួរពីតំណាងក្លឹប ក៏ត្រូវបានអគ្គលេខាធិការ ជំរុញឲ្យប្លឹងសួរទៅប្រធានសហព័ន្ធ ដោយមិនរកដំណោះស្រាយថែមទៀតផង។

បន្ថែមលើនេះ ប្រធានសហព័ន្ធដដែលបានទម្លាយឲ្យដឹងទៀតថា «ក្រសួងអប់រំ បានចំណាយសម្រាប់ការរៀបចំជើងឯកជាតិ តែគាត់ (តៃ លីដា) បានលើកគម្រោងដល់ទៅ ១៣,០០០ ទៅ ១៤,០០០ដុល្លារ ចឹងគឺជារឿងហួសហេតុ ស្មើនឹងការប្រកួតអន្ដរជាតិ រហូតយើងកែឡើងវិញ មកសល់ត្រឹម ៦,៣០០ដុល្លារ សម្រាប់ចំណាយដល់អាជ្ញាកណ្ដាល គណៈកម្មការ និងក្លឹបចូលរួម។ តែការចំណាយរបស់គាត់ អ្នកមកធ្វើការតិចៗ តែគាត់ដាក់ឈ្មោះច្រើន ហើយដាក់ថ្លៃទឹកថ្លៃអី តែទឹកប្រើមិនដែលគ្រប់គ្រាន់ ស៊ីដាច់ទាំងរឿងហ្នឹងទៀត។ ពិសេសក្លឹបចូលរួមគាត់ឲ្យគេតែ ១០ម៉ឺនរៀលប៉ុណ្ណោះ តាមការប្រជុំសម្រេចឲ្យ ១០០ដុល្លារ»។
លោក រ័ត្ន សុខន បន្ដថា ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពសម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ក្រោមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា  សហព័ន្ធចាំបាច់ត្រូវបោសសំអាតអំពើពុករលួយ និងភាពមិនប្រក្រតីចេញពីសហព័ន្ធ៕

មតិ