ផលិតកម្មមហាហង្សមានក្រុមបាល់ទាល់ជាផ្លូវការ និងស្វាគមន៍គ្រប់ក្រុមបាល់ទាល់ដើម្បីដកស្រង់បច្ចេកទេសគ្នា បង្កើនមិត្តភាព សាមគ្គីភាព ពិសេសសុខភាព

0
171

ភ្នំពេញ ៖ មហាហង្សមិនត្រឹមតែជាផលិតកម្មដែលបានផលិតខ្សែភាពយន្តខ្មែរល្បី ដែលបម្រើចំណីអារម្មណ៍ដល់ប្រជាពលរដ្ឋខ្មែរនោះទេ ថែមទាំងបានចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់ផងដែរ ។ ជាក់ស្តែងកាលពីម្សិលមិញ ផលិតកម្មមហាហង្សបានប្រកាសក្រុមបាល់ទាត់របស់ខ្លួន ដែលមានឈ្មោះថា “ក្រុមបាល់ទាត់តារាមហាហង្ស” និងទទួលស្វាគមន៍គ្រប់ក្រុមបាល់ទាត់ទាំងអស់ដែលមានបំណងចង់ប្រកួតគ្នា ដើម្បីដកស្រង់បច្ចេកទេសគ្នា និងបង្កើននូវមិត្តភាព សាមគ្គីភាព ម្យ៉ាងទៀតកីឡានាំមកនូវសុខភាព ហើយពិសេសជាងនេះទៅទៀតនោះ ក្រុមថ្មីនេះនឹងត្រៀមចូលលេងលីគកំពូលកម្ពុជា ក្នុងពេលឆាប់ៗផងដែរ ។

អគ្គនាយកផលិតកម្ម និងជាស្ថាបនិកក្រុមបាល់ទាត់តារាមហាហង្ស លោក អ៊ិន សុភិន បានអោយដឹងថា ក្រុមបាល់ទាត់តារាមហាហង្ស បង្កើតឡើងដោយផ្ដោតសំខានលើ៣ចំណុច គឺទី១ ដើម្បីសុខភាព ទី២ ការប្រកួតមិត្តភាពជាមួយគ្រប់ស្ថាប័ន និងទី៣ គឺនឹងចូលប្រកួតជាលក្ខណៈពានរង្វាន់ ប៉ុន្តែយើងចាប់ផ្តើមពីការប្រកួតមិត្តភាព ទើបឡើងតាមកម្រិតជាបន្តបន្ទាប់ទៀត ហើយអាចចូលរួមលីគកំពូលកម្ពុជាផងដែរ ។

លោកបន្តថា ៖ ចំពោះកីឡាកររបស់ក្រុម គឺសុតសឹងតែតារា និងក្រុមការងារបច្ចេកទេសផ្សេងៗ ដែលនិយមចូលចិត្តលេងកីឡាមួយនេះ មានក្រុមលេងច្បាស់លាស់ និងមានការប្រកួតត្រឹមត្រូវ ស្របតាមក្បួនច្បាប់ប្រកួតលក្ខណៈអន្ដរជាតិ ។

លោក អ៊ិន សុភិន បានបញ្ជាក់បន្ថែមថា ៖ នៅដើមឆ្នាំ២០១៨ខាងមុខ ផលិតកម្មមហាហង្ស នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ នោះគឺការប្រកួតមិត្តភាពរវាងក្រុមបាល់ទាត់តារាមហាហង្ស និងក្រុមតារាល្បីៗប្រចាំប្រទេសថៃ នៅលើទឹកដីកម្ពុជា ហើយជាបន្ដបន្ទាប់ លោកក៏មានគម្រោងណាត់ក្រុមតារាល្បីៗវៀតណាម ឡាវ និងក្រុមតារាក្នុងតំបន់ មកចូលរួមប្រកួតមិត្តភាពនៅកម្ពុជាទៀតផង ។

ជាមួយគ្នានឹងការប្រកាសក្រុមជាផ្លូវការនេះ ក៏មានការជួបប្រកួតគ្នារវាងក្រុមបាល់ទាត់តារាមហាហង្ស និងសមាគមពាណិជ្ជករថៃ ដោយក្រុមបាល់ទាត់តារាមហាហង្ស យកឈ្នះគូប្រកួតដោយលទ្ធផលបច្ចេកទេស ៧-០ ៕

មតិ