វគ្គសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាប្រណាំងកង់ បានបញ្ចប់ដោយជោគជ័យ

0
232

ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាប្រណាំងកង់ រយៈពេល៦ថ្ងៃ ពីលោក Ramlan Latiff គ្រូជំនាញប្រចាំ UCI មកពីប្រទេស សិង្ហបូរី ពិតជាមានសារៈសំខាន់ណាស់ដល់មន្រ្តីបច្ចេកទេស គ្រូបង្វឹករបស់សហព័ន្ធកីឡាទោចក្រយានកម្ពុជា ទាំង២៥នាក់ ក្នុងការអភិវឌ្ឍបច្ចេកទេស និងស្វែងរកគុណភាពបច្ចេកទេស ពិសេសការកសាងសមត្ថភាពគ្រូបង្វឹកឱ្យច្បាស់លាស់ជំនាញវិជ្ជាជីវៈ ដើម្បីបន្តផ្តល់ការបណ្តុះបណ្តាលបន្តប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យក្នុងការងារកីឡារបស់ខ្លួន នេះជាប្រសាសលើកឡើងរបស់ ឯ ឧ នុត សាអាន ប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា នៅក្នុងពិធីបិទវគ្គ វគ្គសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាប្រណាំងកង់ កាលពីម្សិលមិញ។
ឯ ឧ ប្រធានសហព័ន្ធ បន្តទៀតថា ទោះបីវគ្គសិក្សាមានរយៈពេលខ្លី ប៉ុន្តែខ្លឹមសារ និងការអនុវត្តសង្ឃឹមថាផ្តល់នូវអត្ថប្រយោជន៍និងការយល់ដឹងច្រើនដល់សិក្ខាកាមរបស់យើង ពីព្រោះអ្វីៗមានការវិវត្តន៍ប្រែប្រួលគ្រប់ពេលវេលាយ៉ាងណាម៉ិញកីឡាជំនាញក៏តែងតែធ្វើទំនើបកម្មបច្ចេកទេសតាមលក្ខណៈវិទ្យាសាស្រ្តកីឡាគ្រប់ពេលវេលាដែរ ។ បើយើងបានទទួលវគ្គសិក្សាជាបន្តបន្ទាប់ដោយមានគ្រូជំនាញមកពីអន្តរជាតិ មានបទពិសោធន៍នោះយើងនឹងអាចរត់តាមរបកគំហើញថ្មីលើឆាកអន្តរជាតិបាន ។ ឆ្លៀត ឱកាសនេះ ឯ ឧ សូមឱ្យគ្រូបង្វឹកជាសិក្ខាកាមទាំងអស់ខិតខំយកចិត្តទុកដាក់បន្ថែមទៀតលើការងារជំនាញបច្ចេកទេស ប្រណាំងកង់ ដោយដាក់ចិត្តថា រៀនហើយរៀនទៀត និងយកចំនេះដឹងនោះទៅបង្ហាត់បង្ហាញ បណ្តុះបណ្តាលឱ្យបានត្រឹមត្រូវ ម៉ត់ចត់ប្រកបដោយការទទួលខុសត្រូវខ្ពស់ នោះវិស័យកីឡាប្រណាំងកង់យើងនឹងទទួលបានឧត្តមភាព ក្នុងការប្រកួតលើឆាកជាតិ និងអន្តរជាតិ ជាពិសេសត្រៀមលក្ខណៈចូលរួមការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ត្រូវខិតខំរៀបចំផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងផែនការអភិវឌ្ឍជំនាញឱ្យមានសុគត់ភាព ហើយរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវលើការអនុវត្តជាក់ស្តែង ដើម្បីដណ្តើមមេដាយជូនជាតិអោយបាន ៕

មតិ