ទំនងខ្សែគេទេដឹង ! ហេតុផលមិនសមមួយចំនួន ដែលNOCC ជ្រើសតែកីឡារាំ ទៅប្រកួត Asian Indoor Games

0
395

ភ្នំពេញ ៖ នេះពិតជារឿងមួយដែល មិនទំនង និង អយុធម៌មួយ នៅក្នុង កីឡា ដែលគណៈកម្មាធិការជាតិ អូឡាំ ពិក កម្ពុជា (NOCC) ធ្វើការជ្រើសរើសតែ១ប្រភេទកីឡាទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាដ៍ធំ គឺ កីឡាយុទ្ធសិល្ប៍ក្នុងសាលទ្វីបអាស៊ីលើកទី៥ (5th Asian Indoor Matial Art Games)នៅទីក្រុងអាស្កាបាតAskabat នៅប្រទេសទូកមេនីស្ថាន។

ជាគោលការណ៍ដំបូង NOCC បានកំណត់ជ្រើសតាំង ប្រភេទ កីឡាចំនួន៤ ដោយក្នុង នោះមាន ចំបាប់, តេក្វាន់ដូ, អត្តពលកម្ម និង រាំ ទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍នេះ តែដល់ថ្ងៃចេញទៅប្រកួត បែបជាយកតេ១ ប្រភេទកីឡារាំ ទៅតែ១វិញ ។ ខណៈ៣ប្រភេទដែលបានដកចេញនោះ សុទ្ធតែជាប្រភេទកីឡាដែលមានសក្ដានុពល ក្នុងការប្រជែងយកមេដាយនៅឆាកអន្តរជាតិ ។

ក្នុងបទសម្ភាន៍នាពេលកន្លងមក ជាមួយនឹងបណ្ដាញសារព័ត៌មាន លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ប្រាប់ហេតុផល មួយចំនួនដូចជាមិនសម ក្នុងការជ្រើសរើសតែ១ប្រភេទកីឡាទៅប្រកួតតំណាងមុខមាត់ជាតិ ដោយលោកបានមានប្រសាសន៍បែបនេះថា៖ “យើងបញ្ជូនតែកីឡារាំមួយមុខប៉ុណ្ណោះ ដោយសារនៅទួមេនីសស្ថានហ្នឹង ចម្ងាយវាឆ្ងាយ ដែលធ្វើឱ្យដំណើរទៅមក វាបង្កការលំបាកដល់អត្តពលិកយើង ។ ណាមួយទៀតដោយសារ កីឡាករ ការិនីរបស់យើងទើបបញ្ចប់ការប្រកួតស៊ីហ្គេម ចឹងពួកគាត់ មិនមានពេលត្រៀមខ្លួនទាន់នោះទេ”។

បើតាម គ្រូចាស់ៗមួយចំនួន បានលើកឡើងថា៖ ហេតុផលជាមួយនឹងការត្រៀមខ្លួនមិនទាន់ សម្រាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍មួយនេះ ដូចជាមិនសូវជាទំនង សម្រាប់ក្រុមជ្រើសជាតិកម្ពុជា ដែលគេធ្លាប់ដឹងថាមានសមត្ថភាពល្អ ទាល់តែសោះ ។ ការប្រកួតចប់ពីមួយចូលមួយ ជារឿងធម្មតាមួយទៅហើយសម្រាប់ជម្រើសជាតិ ព្រោះការប្រកួតមួយទៅមួយ គឺឃ្លាតពីគ្នាជាងកន្លះខែឯណោះ។ ហើយរឿងដែលជាបញ្ហាចោទសម្រាប់នៅក្រៅប្រទេសនោះ គឺមានតែការហូបចុក ស្នាក់នៅ និង អាកាសធាតុ វាមានភាពខុសគ្នាពីកម្ពុជាតែប៉ុណ្ណោះ។
មួយវវិញទៀត ប្រភេទកីឡាចំបាប់ គឺមិនបានទៅចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នោះឡើយ ហេតុអី ត្រូវត្រៀមខ្លួនចូលរួមប្រកួត ក្នុងការប្រកួតខាងមិនទាន់នោះ?

កាលពីសប្ដាហ៍មុន នេះ មានបណ្ដាលសារព័ត៌មានក្នុងស្រុកមួយបានធ្វើការទាក់ទងសុំការបំភ្លឺបន្ថែមពី មន្ត្រីជាន់ខ្ពស់របស់សហព័ន្ធកីឡារាំកម្ពុជា មិនទាន់បាននៅឡើយទេ ដោយ សហព័ន្ធនេះ បដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ និងគ្រាន់តែប្រាប់ថា សូមរង់ចាំលិខិតចេញជាផ្លូវការមកសិន ចាំប្រាប់ពេលក្រោយ ។ ខណៈដែលNOCC បានប្រកាសជាផ្លូវការថាយកតែសហព័ន្ធកីឡារាំ មួយនេះ ទៅចូលរួមប្រកួតទៅហើយនោះ ។ ស្របពេលដែលលោកវ៉ាត់ ចំរើន ក៍មិនបានបំភ្លឺរឿងនេះ អោយបានច្បាស់លាស់នៅឡើយដែល ដោយលោកបានមានប្រសាសន៍ថា រវល់ណាស់ ចាំទំនេរ លោកនឹងប្រាប់មកវិញ។

ជាមួយនឹង ព្រឹត្តិការណ៍ខាងលើ កម្ពុជាគ្រោងបញ្ជូនកីឡាករកីឡាការិនីរាំ២នាក់ទៅចូលរួម កីឡាក្នុងសាល និង យុទ្ធសិល្ប៍ទ្វីបអាស៊ី ឆ្នាំ២០១៧ នឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែកញ្ញា នៅទីក្រុង Ashgabat ប្រទេសទួរមេនីស្ថាន។ ខណៈដែលប្រភេទកីឡាមួយនេះ មិនដែលមានប្រវត្តឈ្នះមេដាយកម្រិតអន្តរជាតិណាមួយពីក្រៅប្រទេសឡើយ។
គួបញ្ជាក់ផងដែរថា៖ ព្រឹត្តិការណ៍ ប្រកួតកីឡាយុទ្ធសិល្ប៍ ក្នុងសាលទ្វីបអាស៊ីលើកទី៥នេះ មានប្រទេសជាសមាជិក ចំនួន៤០ប្រទេស ដែលជាសមាជិក របស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដែលធ្វើរៀងរាល់៤ឆ្នាំម្តង ៕

មតិ