ភ្នំពេញ ៖សមត្ថកិច្ចធ្វេីការឃាត់ខ្លួនខ្មាន់កាំភ្លេីងម្នាក់រួមទាំងបក្ខពួកម្នាក់ទៀតក្រោយពីផឹកស៊ីស្រវឹងបេីករថយន្តកៀរបុរសម្នាក់បណ្តាលឲ្យរងរបួសខណៈជនរងគ្រោះនឹងអ្នកភូមិឃាត់សួរនាំបែជាដកកាំភ្លេីងបាញ់២គ្រាប់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវលំ ស្របផ្លូវរថភ្លើង ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ហយ ហេន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅកន្លែងកើតហេតុ រងរបួសជើង ។ចំណែកជនបង្ក ត្រូវបានអ្នកភូមិអះអាងថា ឈ្មោះ ទាក់ ឌី ភេទប្រុស អាយុ៣០ឆ្នាំ អ្នកលក់អចលនទ្រព្យ មានទីលំនៅបុរីឈូកវ៉ា២ ភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ជិះរថយន្តមួយគ្រឿងម៉ាកJeep ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BG-004 ។
តាមសាក្សីពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គេឃើញជនសង្ស័យផឹកសុីនៅផ្ទះមួយកន្លែងក្បែរនោះ លុះដល់វេលាម៉ោងខាងលើ ស្រវឹងបើករថយន្តដូចហោះ ជ្រុលកៀរជនរងគ្រោះ កំពុងឈរមុខផ្ទះបណ្តាលឲ្យរបួសជើង ហើយរថយន្តបើកទៅបាត់ មួយសន្ទុះក្រោយមក បើកវិលត្រឡប់មកកន្លែងផឹកសុិវិញ ជនរងគ្រោះនិង អ្នកភូមិច្រើននាក់ទៀតនាំគ្នាផ្អើលឆោឡោ ឃាត់រថយន្ត បំណងសាកសួរ ស្រាប់តែជនសង្ស័យដកអាវុធខ្លី បាញ់២គ្រាប់ផ្ទួនៗផ្ជុចដីប្រឡោះជើងជនរងគ្រោះ ធ្វើឲ្យភិតភ័យ ព្រលឹងចុងសក់ តែមិនត្រូវនោះទេ រួចជនសង្ស័យបើករថយន្តគេចទៅបាត់ ។
ក្រោយកើតហេតុ អ្នកភូមិផ្អើលឆោឡោ កម្លាំងសមត្ថកិច្ច ទាំងនគរបាល ទាំងអាវុធហត្ថ ចុះទៅដល់ទីតាំងកើតហេតុ ហើយកម្លាំងអាវុធហត្ថហៅម្ចាស់ផ្ទះម្នាក់ដែលជនសង្ស័យផឹកសុីជាមួយនោះ ទៅសាកសួរនៅការិយាល័យជំនាញ និងបន្តស្រាវជ្រាវ ស្វែងរកជនបង្ក ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីហៅអ្នកផឹកសុីនៅផ្ទះជាមួយរួចមក រហូតដល់វេលាម៉ោង៧យប់ថ្ងៃដដែល កម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវទៅតាមចាប់ខ្លួនជនបង្កឈ្មោះ ទាក់ ឌី ដល់ផ្ទះ ដកហូតវត្ថុតាង អាវុធខ្លី រថយន្តម៉ាកJeep នៅបុរីឈូកវ៉ា២ ភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រួមទាំងឃាត់បក្ខពួកម្នាក់ទៀត ឈ្មោះ កើត សម្ភស្ស ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរមន្ត្រីយោធា អគ្គបញ្ជូនសារ មានទីលំនៅ កន្លែងកើតហេតុ រួចនាំទៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។
បើតាមអ្នកភូមិបានឲ្យដឹងថា កន្លងមកគេធ្លាប់ឃើញ ជនបង្កឈ្មោះ ទាក់ ឌី ចេញចូល ផឹកសុី នៅផ្ទះមួយកន្លែង ក្បែរនោះ ហើយពេលដែលស្រវឹងម្តងៗ តែងតែកាន់កាំភ្លើង ច្រងែងច្រងាង ស្រែកឡូឡា គំរាមពលរដ្ឋក្នុងភូមិ ធ្វើឲ្យពលរដ្ឋភ័យខ្លាច ។ បើតាមប្រភពផ្សេងមួយទៀត បានឲ្យដឹងថា កន្លងមក ជនបង្កធ្លាប់ផ្ទុះអាវុធ នៅខេត្តកំពង់ឆ្នាំង បណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះ ធី លីហ្សា អាយុ១៨ឆ្នាំជាសង្សារ ស្លាប់ក្នុងរថយន្ត កាលពីវេលាទៀបភ្លឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ហើយបើករថយន្តចូលទៅសារភាពនៅអាវុធហត្ថស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ សមត្ថកិច្ចចាប់ខ្លួនមិនបានប៉ុន្មានផង ឃើញនៅក្រៅឃុំ ដើរផឹកសុីអុកឡុក បង្កបញ្ហាតាមភូមិដដែល ៕
Discussion about this post