ក្រុមបាល់ទាត់ក្មេងអនាថាកម្ពុជា មិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ប៉ុន្តែចង់ធ្វើម្ចាស់ផ្ទះពាន HomerLess World Cup

0
204

ភ្នំពេញ៖ ក្រុមបាល់ទាត់ក្មេងអនាថាកម្ពុជា ដែលទទួលការជ្រោមជ្រែងពីដៃគូអង្គការនិងអន្តរជាតិ មិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ និង សមត្ថភាពល្អប្រសើរនៅឡើយ ប៉ុន្តែខ្លួនមានមហិច្ចតាហួសមាឌចង់ធ្វើម្ចាស់ផ្ទះពាន HomerLess World Cup លើកក្រោយ។

ថ្នាក់ដឹកនាំអង្គការបាល់ទាត់រីករាយកម្ពុជា-អូស្ត្រាលី លោក Paraic Grogan ដែលជាអ្នកផ្គត់ផ្គង់ក្រុមបាល់ទាត់ក្មេងអនាថាកម្ពុជា ចូលរួមប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកជនអនាថា(Homeless World Cup) នាពេលកន្លងមក បានប្រកាសថា កម្ពុជាពិតចង់ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ព្រោះវាជាក្ដីស្រម៉ៃរបស់ខ្លួន ដើម្បីផ្ដល់ឱកាសឲ្យក្រុមបាល់ទាត់ក្មេងអនាថាកម្ពុជាកសាងកេរ្ដិ៍ឈ្មោះលើទឹកដីរបស់ខ្លួន ។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមបញ្ជូនកីឡាករ នៃក្រុមបាល់ទាត់ក្មេងអនាថាកម្ពុជា ៧រូប ទៅចូលរួមប្រកួតពានរង្វាន់ Homeless World Cup 2017 នៅទីក្រុងអូស្លូ ប្រទេសន័រវែស ចាប់ពីផ្ដើមថ្ងៃទី២៩ ខែសីហា រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខ ហើយវាក៏ជាលើកទី១០ ដែលកម្ពុជាត្រូវបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍បាល់ទាត់ក្មេងអនាថាពិភពលោកនេះផងដែរ ។ ការបង្ហើបពីមហិច្ចតាចង់ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ពិភពលោកនេះដែរ គឺស្របពេលក្រុមបាល់ទាត់ក្មេងអនាថាកម្ពុជា នៅមិនទាន់ធ្វើបានល្អនោះទេ សម្រាប់ការចូលរួមប្រកួតក្រៅស្រុក ជាក់ស្ដែង។ ការចូលរួមប្រកួតពានរង្វាន់ Homeless World Cup ចំនួន ៩លើកកន្លងមក ទើបតែឆ្នាំ២០១៦កន្លងទៅប៉ុណ្ណោះ ដែលក្រុមបាល់ទាត់ក្មេងអនាថាកម្ពុជា ឡើងពីចំណាត់ថ្នាក់ចន្លោះលេខពី៤១ ក្នុង ៤៨ប្រទេស មកឈរចំណាត់ថ្នាក់លេខ៣៣។
លោក Paraic Grogan បាននិយាយថា ទោះការចូលរួម ៩ លើកកន្លងមក ក្រុមបាល់ទាត់ក្មេងអនាថាកម្ពុជា ទទួលបានលទ្ធផលមិនទាន់ល្អក្ដី ប៉ុន្ដែលោកនៅតែចញ្ចឹមចិត្តចង់ធ្វើម្ចាស់ផ្ទះ ព្រោះលោកចង់រួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា តាមរយៈការផ្ដល់ឱកាសឲ្យក្មេងៗអនាថា ចូលរួមលេងកីឡា ដើម្បីសម្រេចក្ដីសុបិនរបស់ខ្លួន ឬក្លាយជាកីឡាករអាជីព និងចៀសឆ្ងាយពីគ្រឿងញៀនផងដែរ ។ គួរបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ពិភពលោកជនអនាថា ឆ្នាំ២០១៧នេះ គឺមាន ៧២ក្រុមមកពី ៤៨ប្រទេសលើពិភពលោកចូលរួម ខណៈភាគច្រើនជាក្រុមតំណាងប្រទេសមកពីតំបន់អឺរ៉ុប ។
ចំពោះក្រុមអនាថាកម្ពុជា ក៏មិនទាន់សង្ឃឹមឈ្នះជើងឯក ឬ ទទួលបានលទ្ធផលល្អជាងឆ្នាំមុនដែរ គ្រាន់តែប្ដេជ្ញាធ្វើឲ្យបានល្អប៉ុណ្ណោះ ។ សម្រាប់លក្ខខណ្ឌប្រកួត គឺប្រើកីឡាករក្នុងមួយក្រុមត្រឹម ៤នាក់ ខណៈការប្រកួតធ្វើឡើងរយៈពេល ១៤នាទី ពោលគឺ ៧នាទីក្នុងមួយតង់ ៕

មតិ