មន្ត្រីនគរបាលអន្តរាគមន៍ក្រុងសៀមរាបម្នាក់ រងការចោទប្រកាន់ថា បានដកកាំភ្លើងភ្ជង់ក្បាលអ្នកសាព័ត៌មានម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល និងផ្ទុះជម្លោះទាំងកណ្តាលយប់នៅក្នុងក្រុងសៀមរាបត្រូវបានថ្នាក់ដឹកនាំហៅមកសួរនាំ និងដាក់វិន័យកងកម្លាំង។
ប្រភពបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផុន ភឿន ហៅ ហង្សតូច មុខរបរអ្នកសារព័ត៌មាន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ជនរងគ្រោះបានរៀបរាប់ថា កាលពីវេលាម៉ោង១និង០០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ខ្លួនបានចូលញ៉ាំអាហារនៅក្នុងហាងខាងលើ លុះ១៥នាទីក្រោយមក ក៏បានចាកចេញពីហាង ហើយដើរសំដៅទៅកាន់ម៉ូតូរបស់ខ្លួនដើម្បីត្រឡប់ទៅគេហដ្ឋាន ស្រាប់តែមានជនមិនស្គាល់មុខបានមកធាក់ស្លាកលេខម៉ូតូរបស់គាត់ ហើយរូបគាត់ក៏បានសួរទៅកាន់បុគ្គលនោះថា បងថតស្លាកលេខម៉ូតូរបស់ខ្ញុំធ្វើអី? បុគ្គលនោះ បានឆ្លើយតបវិញថា អញថតមិនបាន? ហើយព្រមទាំងបានអះអាងថា ខ្លួនជាសមត្ថកិច្ចនគរបាលជាតិទៀតផង។ បន្ទាប់មកក៏មានទំនាស់ពាក្យសម្ដីនឹងគ្នារហូតដល់ជនបង្ករូបនោះបានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកភ្ជង់ក្បាលគាត់ រូចក៏វ៉ៃជនរងគ្រោះយកទូរសព្ទដើម្បីបំបាត់ភស្តុតាងផងដែរ។ នៅពេលដែលត្រូវជនបង្កបានធាក់ចំនួនពីរជើងពេលនោះធ្វើឲ្យធ្លាក់ទូរស័ព្ទបែកអស់ចំនួន៣គ្រឿង។ ជនបង្ករូបនោះ ក៏បានដកកាំភ្លើងភ្ជង់គាត់ជាលើកទី២ទៀត។
សូមរំលឹកថា ហេតុការណ៍នេះកើតឡើងនៅខាងមុខហាងសុវណ្ណនំប៉័ងប៉ាតេដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ទល់មុខសណ្ឋាគារ ប៉ារ៉ាឌីអង្គរ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប នៅវេលាម៉ោង១និង១០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ។
ពាក់ព័ន្ធករណីនេះដែរ លោកវរសេនីយ៍ឯក អៀង មករា ស្នងការរងទទួលផែនធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹងនៅព្រឹកថ្ងៃទី២២ ខែមិថុនា នេះថា ក្នុងករណីជម្លោះរវាងភាគីអ្នកកាសែតនិងនគរបាលក្រុងសៀមរាប នេះ គឺត្រូវបានជនរងគ្រោះបញ្ចប់មិនប្តឹងផ្ដល់គ្នាទេ ហើយមន្ត្រីនគរបាលខាងលើបានសម្របសម្រួលនិងសុំទោសជនរងគ្រោះរួចហើយ។ លោកបន្តថា ចំពោះមន្ត្រីនគរបាលដែលបង្កហិង្សាលើអ្នកសារព័ត៌មាននេះដែរ គឺត្រូវបានហៅមកសួរនាំ និងត្រូវបានដាក់វិន័យតាមកងកម្លាំងផងដែរ។
ទោះជាយ៉ាងនេះក្តី ក្រុមអ្នកសារព័ត៌មានបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើអសិលធម៌របស់មន្ត្រីនគរបាលក្រុងសៀមរាប ដែលបានធ្វើមកលើអ្នកកាសែតទាំងងងើល និងបំពានច្បាប់ទម្លាប់ទាំងកំរោល។ មហាជនស្នើឲ្យថ្នាក់ដឹកនាំមានវិធានការនិងដាក់វិន័យឲ្យបានតឹងរឹងដើម្បីជាគំរូដល់មន្ត្រីផ្សេងទៀត៕
Discussion about this post