ម្ចាស់ដីឡូតិ៍មួយកន្លែងនៅតាមបណ្ដោយផ្លូវបេតុងមុខវត្តសំបួរមាសឆ្ពោះទៅទួលពង្រ ក្នុងមូលដ្ឋានសង្កាត់ដង្កោ ខណ្ឌដង្កោ បានចាក់ដីលុបប្រឡាយទឹកមួយខ្សែប្រវែងប្រហែងជាង១០០ម៉ែត្រ ហើយបានធ្វើរបងព័ទ្ធលើដីដែលចាក់រួចធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ថែមទាំងរំលោភលើចិញ្ចើមផ្លូវសាធារណៈទៀតផង តែរហូតមកដល់ថ្ងៃទី២១ ខែមិថុនា នេះ ម្ចាស់ទីតាំងបានឲ្យជាងសាងសង់របងរុះរើផ្នែកខ្លះនៃរបងរំកិលចូលខាងក្នុងវិញ និងផ្នែកខ្លះទៀតនៅមិនទាន់រុះរើនៅឡើយ។
អ្នកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ កាលពីព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២ នេះ បានប្រាប់ក្រុមការងារយើងតាមប្រព័ន្ធតេឡេក្រាមយ៉ាងខ្លីថា “ខ្ញុំចាត់ក្រុមការងារចុះមើល” ខណៈដែលក្រុមជាងសាងសង់របងកំពុងញ៉ាប់ដៃជើងក្នុងការសង់របងព័ទ្ធលើដីដែលចាក់លុបប្រឡាយរួច។ រហូតដល់ថ្ងៃទី២១ ខែមិថុនា នេះ គេសង្កេតឃើញថា ម្ចាស់ទីតាំងបានឲ្យក្រុមជាងសាងសង់រុះនៃផ្នែកខ្លះនៃរបងដែលសង់ព័ទ្ធលើដីដែលចាក់លុបប្រឡាយ រំកិលខិតចូលខាងក្នុងវិញ ចំណែកផ្នែកខ្លះទៀតនៅមិនទាន់រុះរើនៅឡើយ។
នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នេះ ក្រុមការងារយើងបានទំនាក់ទំនងទៅលោកស្រី គឹម ញិប ម្ដងទៀតចំពោះវិធានការលើម្ចាស់ដីឡូតិ៍ដែលចាក់ដីលុបរំលោភលើប្រឡាយទឹកនេះ ប៉ុន្តែនៅមិនទាន់មានការបកស្រាយបំភ្លឺនៅឡើយទេលើករណីនេះ។
ពលរដ្ឋបានលើកជាចម្ងល់ថា តើការចាក់ដីលុបប្រឡាយទឹក និងធ្វើរបងព័ទ្ធយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនបែបនេះ ពិតជាត្រឹមត្រូវតាមច្បាប់អនុញ្ញាតដែរឬយ៉ាងណា ? តើពលរដ្ឋគ្រប់រូបអាចមានសិទ្ធចាក់ដីលុបប្រឡាយដូចម្ចាស់ដីឡូតិ៍នេះបានដែរទេ?៕
Discussion about this post